អភិបាលស្រុកស្ទោងសហការ ជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធក្នុងការសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវដើម្បីអភិវឌ្ឍផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោ
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងសហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធក្នុងការសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវដើម្បីអភិវឌ្ឍផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង លោក សាយ គឹមឡម បានចុះសិក្សាជាក់ស្ដែងគម្រោងនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវក្នុង នៃផ្លូវជាតិលេខ៦ ក្នុងឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ទីរួមស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបន្ថែមថាកាចុះសិក្សាគម្រោងអភិវឌ្ឍផ្លូវភ្លោះនេះ គឺចាប់ពីស្ពានលេខ៥៩ ក្នុងភូមិមឈាយ នៃឃុំសំព្រោជ រហូតដល់ស្ពានលេខ៦១ ក្នុងភូមិត្រាច នៃឃុំកំពង់ចិនជើង ក្រោមការផ្ដួចផ្ដើមចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការអភិវឌ្ឍមូលដ្ឋានជាពិសេសដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាននៃទីរួមស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង តាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ពុកម៉ែបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមសហការឱ្យបានខ្ពស់បំផុតគ្រប់ៗគ្នា ជាមួយអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃគម្រោងអភិវឌ្ឍផ្លូវភ្លោះនេះប្រព្រឹត្តទៅបានរលូនតាមផែនការ ជាពិសេសដើម្បីលើកកម្ពស់មុខមាត់ សោភ័ណភាពស្រុកស្ទោងមួយកម្រិតថែមទៀត ហើយចូលរួមថែរក្សា.ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំនិងស្រស់បំព្រង ដើម្បីទុកជាកេរ្តិ៍មរតករួមរបស់យើងទាំងអស់គ្នា សម្រាប់កូនចៅជំនាន់ក្រោយ បានធ្វើដំណើរ ដោយស្រួលហើយប្រកបដោយសុខសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថាគម្រោងអភិវឌ្ឍផ្លូវភ្លោះនេះមានសួនច្បារកណ្ដាល លូអមសងខាង ដែលលាតសន្ធឹងចាប់ពីស្ពានលេខ៥៩ រហូតដល់ស្ពានលេខ៦១ លើផ្លូវជាតិលេខ៦ នៃផ្លូវខាងក្នុងទីរួមស្រុកស្ទោងផងដដែរ។

