(ខេត្តកណ្តាល) រឿងរ៉ាវដ៏គួរឲរន្ធត់មួយបានធ្វើឲ្យជនរងគ្រោះពីរនាក់បងប្អូនបង្កើតត្រូវបានលោកប៉ូលិសផ្កាយមួយនៃក្រសួងមហាផ្ទៃ និងបក្ខពួកជាច្រើននាក់ទៀត បានប្រើហិង្សាយ៉ាងសាហាវឃោឃៅព្រៃផ្សៃបំផុតដែលបានបណ្តាលឲ្យលោកពូម្នាក់រងរបួស នឹងផ្លែកាំបិតយ៉ាងធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវបានក្រុមនេះចាប់ជាន់ករ ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩:00ព្រឹកកាលថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ ស្ថិតនៅភូមិសាស្ត្រ ភូមិ ព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។
ជនរងគ្រោះ ចំនួន ០២នាក់ ដែលត្រូវបានបក្ខពួកប្រើហិង្សានោះរួមមាន៖
១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង)
២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
រីឯជនសង្ស័យចំនួន ០៥នាក់, ឃាត់ខ្លួនបាន ០៤នាក់ និងគេចខ្លួន ០១នាក់ រួមមាន៖
១.ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្រ្តីនគរបាល មានទីលំនៅបច្ចុប្បន្ន : ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល។(ជនដៃដល់) បានរត់គេចខ្លួន ។
២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន : ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
យោងតាមការបញ្ជាក់របស់ជនរងគ្រោះ ជឹម ស៊ីថា ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ជឹម ធឿន បានបំភ្លឺថា ជនរងគ្រោះបានកាន់កាប់ដី និងអាស្រ័យផលនៅលើដីមួយកន្លែងនៅតាមបណ្តាយព្រែកថោង ដែលសព្វថ្ងៃនេះ ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាង ៣០ឆ្នាំមកហើយដែល មានព្រុំម្ខាងជាប់នឹងដីរបស់ឈ្មោះ ភឺន ផល្លា និងម្ខាងទៀតជាប់តាមបណ្តាយព្រែកថោង ។
មកដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១២:០០នាទី ជនរងគ្រោះឈ្មោះ ជឹម ធឿន បានទូរសព្ទមកខ្លួនថា ឃើញមានគេមកបោះបង្គោលរបងជាប់ និងដីរបស់គាត់ ភ្លាមនោះខ្លួននិងបងឈ្មោះ ជឹម ធឿន បាននាំគ្នាទៅមើល ក៏បានឃើញក្រុមជនសង្ស័យមានគ្នាប្រហែល ០៤នាក់ បាននាំគ្នាទាញខ្សែវាស់ចូលក្នុងដីបងខ្លួនឈ្មោះ ជឹម ធឿន ភ្លាមនោះបងខ្លួន បានចូលទៅឃាត់មិនអោយពួកគេធ្វើ ដោយប្រាប់បន្ថែមថា ធ្វើតែត្រឹមបង្គោលចាស់ទៅបានហើយ បន្ទាប់មកពួកគេបានឈប់ហើយវិលត្រឡប់ទៅផ្ទះរៀងខ្លួន។
លុះស្អែកឡើងថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤០នាទី បងខ្លួនឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកប្រាប់ថា មានគេដកបង្គោលព្រំដីចាស់ចោលរួចវាស់បោះបង្គោលចូលក្នុងដីរបស់គាត់ ឮភ្លាមខ្លួនក៏បានជិះម៉ូតូមកដល់ឃើញមានគេដកបង្គោលព្រុំដីរបស់បងខ្លួនពិតមែន បន្ទាប់មក
ជនសង្ស័យឈ្មោះ សុខ ស៊ីថា បានស្រែកមកសួរបងខ្លួនថា បើដីនេះជារបស់បង នឹងមានប្លងបញ្ជាក់ពីសាលាក្រុងឬអត់ បងខ្លួនឈ្មោះ ជឹម ធឿន តបទៅវិញថាដីតាមបណ្តាយព្រែកនេះខ្លួនគ្មានប្លង់ទេ តែខ្លួនកាន់កាប់តាំងពីសល់ពីសង្គមមកម្លេះ ហើយខ្លួនបាននិយាយបន្ថែមថា បើដីបងឯងមានប្លង់ដល់ចំណីព្រែក បងឯងយកដីនេះចុះ ភ្លាមៗនោះឈ្មោះ សុខ ស៊ីថា បានខឹងច្រឡោតហើយថែមទាំងបញ្ជាឲ្យកូនចៅដកបង្គោលចាស់ចេញ ឃើញសភាពមិនស្រួលខ្លួនបានទាញទូរស័ព្ទមកថត ស្រាប់តែជនសង្ស័យឈ្មោះ សុខ ស៊ីថា ស្ទុះមកវាយ តែខ្លួនគេចផុតក៏ដួលទៅលើដី បន្ទាប់មកជនសង្ស័យឈ្មោះ សុខ ស៊ីថា បានទាញកាំបិតផ្គាកកាប់បងខ្លួនឈ្មោះ ជឹម ស៊ីថា តែបងខ្លួនចាប់ទាន់ក៏ប្រឹងប្រទាញប្រទុងរហូតរបួសចេញឈាមត្រង់ក្រោមសាច់ដុំដៃខាងឆ្វេង។
ពេលនោះកូនចៅរបស់ជនសង្ស័យម្នាក់បានចាប់ខ្លួនដួលទៅលើដីដើម្បីដណ្តឹមយកទូរស័ព្ទពីខ្លួនតែយកមកបាន ខ្លួនបាននាំបងខ្លួនឈ្មោះ ជឹម ធឿន ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកព្រែកលួង និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ បានចុះនាំខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលមានឈ្មោះ សយ សារឿន , ឈ្មោះ ញ៉េប ស្រួន , ឈ្មោះ យឹម សំនាង , ឈ្មោះ វណ្ណី ដារ៉ា យកមកសាកសួរ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា រត់គេចខ្លួន។ ហើយបច្ចុប្បន្ន ជនរងគ្រោះ លោក ជឹម ធឿន បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យធំ១៧៩)។
ហើយក្នុងករណីហិង្សាខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់ពីលោក សុខ សុីថា បាននៅឡើយទេនៅរសៀលថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ ហើយសារព័ត៏មានយើងនឹងរងចាំការផ្សាយជូនអ្នកពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ៕



