សមិទ្ធផលនានាក្នុងវត្តតាំងក្រសៅ ស្រុកប្រាសាទសំបូរ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពអភិបាលរងខេត្តកំពង់ធ
(កំពង់ធំ)÷ នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ មានការរៀបចំពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តតាំងក្រសៅ ស្ថិតនៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ផាន់ សុផេង ប្រធានក្រុមការងារផ្នែកច្បាប់ខេត្តកំពង់ធំ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករប្រមាណ ៨០០នាក់។
យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក ប៊ន រ៉ា មេឃុំតាំងក្រសៅ បានឱ្យដឹងប្រវត្តិនៃការកសាង និងសមិទ្ធផលនានាដែលបានកកើតឡើងជាបន្តបន្ទាប់នៅក្នុងវត្តតាំងក្រសៅ។ លោកមេឃុំបានបញ្ជាក់ថា សមិទ្ធផលទាំងនេះលេចចេញជារូបរាងឡើង គឺក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការវត្ត និងការឧបត្ថម្ភគាំទ្រជាថវិកាដ៏ជ្រះថ្លាពីសំណាក់ ឯកឧត្តមបណ្ឌិត ជីវ កេង, ឯកឧត្តម ជា ចាន់តូ, ឯកឧត្តម ផាន់ សុផេង ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ទើបធ្វើឱ្យទីអារាមមួយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ជា វ៉ាន់ចាន់ បានអញ្ជើញមានមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ដោយបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រ ពិសេសតួនាទីរបស់ព្រះចៅអធិការវត្ត និងសប្បុរសជនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកាកសាងសមិទ្ធផលនានាសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ លោកយាយលោកតា ឱ្យបន្តចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានបន្ថែមទៀត។
គួរបញ្ជាក់ផងដែរសមិទ្ធផលដែលត្រូវសម្ពោធឆ្លងមាន៖ បេតុងក្រាលទីធ្លាប្រមាណ៥.០០០ម៉ែត្រការេ របងថ្មប្រវែង ២៧០ម៉ែត្រ ទិញដីពង្រីកទីធ្លាវត្ត ៧.០០០ម៉ែត្រការេ ចាក់ដីបំពេញទីធ្លាវត្ត ១.៧០០ឡាន បង្គន់អនាម័យ ១ខ្ងង ៦បន្ទប់ និងផ្ទះបាយ១ខ្នង ចំណាយថវិកាសរុប ចំនួន ៥១០,០០០,០០០រៀល និងប្រាក់ដុល្លារប្រមាណ១៣,០០០ដុល្លារសហរដ្ឋអាមេរិកផងដែរ ។

