ប្រជាពលរដ្ឋស្នើសុំការពិនិត្យករណីចាក់ដី និងសាងសង់សំណង់នៅមាត់ច្រាំងទន្លេ ក្នុងខណ្ឌច្បារអំព
ភ្នំពេញ៖ មានករណីចាក់ដី និងសាងសង់សំណង់រឹងនៅតំបន់មាត់ច្រាំងទន្លេ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងបង្កឱ្យមានការជជែកដេញដោល និងចោទសួរពីសាធារណជន ថាតើសកម្មភាពនេះមានលិខិតអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬយ៉ាងណា។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារសារព័ត៌មានយើងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង និងបានឃើញសកម្មភាពចាក់ដី ព្រមទាំងការសាងសង់សំណង់រឹងនៅជាប់មាត់ច្រាំងទន្លេ ដែលជាតំបន់ដីចំណីទន្លេ។
ដើម្បីធានាបាននូវការគោរពច្បាប់ និងតម្លាភាព អង្គភាពសារព័ត៌មានយើង សូមគោរពរាយការណ៍ និងគោរពស្នើសុំ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំងខាងលើ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តច្បាប់ និងអនុក្រឹត្យនានាដែលពាក់ព័ន្ធ។
សកម្មភាពខាងលើនេះ ត្រូវបានសាធារណជនលើកឡើងដោយយោងទៅលើបទប្បញ្ញត្តិច្បាប់មួយចំនួន រួមមាន៖
– ច្បាប់ស្តីពីសំណង់៖ មាត្រា២៦ (ការសាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់) និងមាត្រា៣៨ (ការសាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋាន)។
– អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា៨ ស្តីពីការហាមឃាត់ការសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ)។
-អនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ (មាត្រា៨ និងមាត្រា៣៧)។
ក្នុងន័យចូលរួមចំណែកការពារសម្បត្តិរដ្ឋ និងធានាការអនុវត្តច្បាប់ អង្គភាពសារព័ត៌មានយើង សូមគោរពស្នើសុំការពិនិត្យ និងបំភ្លឺជុំវិញករណីខាងលើពីសំណាក់ថ្នាក់ដឹកនាំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដូចជា៖
១. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២. ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
៣. ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងច្បាប់អនុញ្ញាតលើការចាក់ដី/ខ្សាច់បំពេញ។
៤. ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
អង្គភាពសារព័ត៌មានយើង ផ្សាយជូនព័ត៌មាននេះក្នុងន័យស្ថាបនា និងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាម្ចាស់ទីតាំងខាងលើគ្រប់ពេលវេលា ដើម្បីផ្តល់ព័ត៌មានដែលមានតុល្យភាព និងគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
#រាជធានីភ្នំពេញ
#ខណ្ឌច្បារអំពៅ

